Thursday, August 16, 2012

បទពិសោធន៍​បំបៅ​មែក​ល្មុត​

ល្មុត​ជា​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​កសិករ​និយម​ដាំ​ក្នុង​សួន​គ្រួសារ និង​ដាំ​ជា​ចំការ​ធំៗ ជា​ពិសេស​កសិករ​ច្រើន​ ​និយម​ដាំ​ពូជ​ក្នុងស្រុក​ដែល​បំបៅ​ដោយ​ខ្លួនឯង ។ ចំពោះ​ការ​បំបៅ​នេះ មាន​កសិករ​ជាច្រើន ដែល​មាន​បទពិសោធន៍​ប្លែកៗ ពីគ្នា ​តែ​ទទួលបាន​លទ្ធផល​ល្អ​ដូច​គ្នា ដែល​យើង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម :
​លោកពូ វ៉ាន់ អ៊ឹម ដែល​ជា​កសិករ​រស់នៅ​ភូមិ​ចំការ​ឌៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​បទពិសោធន៍​ ​បំបៅ​មែក​ល្មុត​ដុះ​លូតលាស់​បានល្អ​ស្ទើរតែ​មួយរយ​ភាគរយ និង​មាន​ផ្លែ​កសិករ​ហៅ​ថា​មែក​បំពង់ មក​បំបៅ ។​
​នៅលើ​មែក​បំពង់​នោះ លោកពូ​ចៀរ​សំបក​ជុំវិញ​មែក​ប្រវែង ១ តឹក ហើយ​កោស​រំអិល​ចេញ​ដើម្បី​កុំឲ្យ​រលួយ​ត្រង់​មុខ​ ​ចៀរ ។ ម្យ៉ាងទៀត តាម​បទពិសោធន៍​របស់​គាត់​ឃើញថា កាលណា​មិន​បាន​កោស​រំអិល​ចេញ វា​មិន​ដុះ​ឫស​ទេ ។ ក្រោយ​ពី​ទុក​ ​ចោល​រយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បី​ឲ្យ​មុខចៀរ​ស្ងួត​ទើប​គាត់​យក​ដី​ដែល​មាន​ជីជាតិ​មក​រុំ​បិទ​ជាមួយនឹង​ថង់ប្លាស្ទិក ដោយ​ចងរិត​ ​ឲ្យ​ណែននៅ​ផ្នែក​ខាងលើ កណ្តាល ខាងចុង ។ បន្ទាប់មក លោកពូ​ចាប់ផ្តើម​បន្តក់​ទឹក​ជាប់​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ដុះ​ចេញ​ឫស​ ​សៗ ទើប​គាត់​ពន្យារ​ការ​បន្តក់​ទឹក​មក​នៅត្រឹម ២ ទៅ ៣ ថ្ងៃ​ម្តង ។​
​ក្រោយ​ពី​បំបៅ​ហើយ​រយៈពេល​មួយ​ខែ គាត់​សង្កេត​ឃើញ​ឫ​សសៗ ដុះ​ចេញមក ហើយ​គាត់​បន្ត​ទុក​រហូត​ដល់ ២ ឬ ៣ ខែ​ទៀត ទើប​កាត់​យក​ទៅ​ដាំ ។ កាលណា​យើង​ឆាប់​កាត់​យក​ទៅ​ដាំ​ពេក​អាច​បណ្តាល​ឲ្យ​ដើ​មអន់ ។​
​ចំពោះ​បទពិសោធន៍​របស់​លោក​ពូ ប្រាក់ ច្រេស ដែល​រស់នៅ​ភូមិ​តា​សួន ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​ ​តាកែវ​វិញ ក៏​មាន​បទពិសោធន៍​ល្អ​ដែរ ។ ក្នុង​ការជ្រើសរើស​មែក​បំបៅ គឺ​គាត់​ជ្រើសរើស​មែក​បំពង់​ដូចគ្នា ។ ប៉ុន្តែ​ក្រោយពី​ចៀរ​ ​សំបក​ក្រឡឹង​ជុំវិញ​មែក​ប្រវែង​កន្លះ​តឹក​ហើយ គាត់​យក​ខ្លាញ់គោ (​ខ្លាញ់​ដុំ​) មក​ជូត​កន្លែង​ចៀរ​សំបក​ដើម្បី​ឲ្យ​ឆាប់​ដុះ​ឫស រួច​យក​ដី​ ​ដែល​មាន​ជីជាតិ​មក​បិទ បន្ទាប់មក​យក​ស្រកីដូង​មក​រុំ​ចង​បិទ​ពី​ក្រៅ​ឲ្យ​ជាប់ ចង​សងខាង ។​
​ក្រោយ​ពី​បំបៅ​ហើយ​ភ្លាម លោកពូ​បន្តក់​ទឹក​ព្រឹកល្ងាច​រយៈពេល​មួយអាទិត្យ រួច​ពន្យារ​ការ​ស្រោច​ទឹក​ពីរ​បី​ថ្ងៃ​ម្តង ។ ​ការ​បំបៅ​នេះ ទុក​រហូត​ដល់​មួយ​ខែ​កន្លះ ទៅ ២ ខែ ទើប អាច​កាត់​យក​ទៅ​ដាំ​បាន ។​
​លោកពូ​បាន​បញ្ជាក់​ប្រាប់ថា ការចង​រុំ​ស្រោប​ពីលើ​ដី​យើង​អាច​ប្រើ​ស្រកីដូង ឬ​ថង់ប្លាស្ទិក​ក៏បាន ។ ប៉ុន្តែ​យក​ល្អ​ប្រើ​ ​ស្រកី​ដូង ព្រោះ​វា​ងាយ​ជប់​ទឹក​ធ្វើឲ្យ​មាន​សំណើ​មជាប់ ហើយ​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ ចំពោះ​ការ​លាប​ខ្លាញ់​គោ គឺ​ជំនួយ​ ​ឲ្យ​ឆាប់​ដុះ​ឫស ។​
​សរុបមក តាម​បទពិសោធន៍​របស់​កសិក​រទាំង​ពីរ ដើម្បី​បំបៅ​មែក​ល្មុត​ឲ្យ​ដុះ​បានល្អ យើង​ត្រូវ​កត់សំគាល់​លើ​លក្ខណៈ​ ​មួយចំនួន​ដូច​ខាងក្រោម :​
  • ជ្រើសរើស​យក​មែក​បំពង់មក​បំបៅ​
  • កោស​រំអិល​ចេញ​នៅ​មុខ​ដែល​ត្រូវ​បំបៅ កុំឲ្យ​ដោយសា​ច់ឈើ ។ កោស​ហើយ​អាច​ទុក​ឲ្យ​ស្ងួត ឬ​លាប​ខ្លាញ់​គោ​ ​ ​
  • យក​ដី​មាន​ជីជាតិ​ច្រើន​មក​រុំ​បិទមុខ​បំបៅ​ ​ ​
  • ចង​រុំ​ប្លា​ស្ទិក​ឲ្យ​ណែន ឬ​ប្រើ​ស្រកី​ដូង យក​ល្អ​ប្រើ​ស្រកីដូង​ធ្វើ​ជា​ឧបករណ៍​រុំ​ចង​មុខ​បំបៅ ព្រោះ​វា​ងាយ​ជក់ទឹក​ ​ជាង​ស្បោង​ប្លា​ស្ទិក​ ​ ​
  • បន្តក់​ទឹក​ឲ្យ​សើម​រៀងរាល់ថ្ងៃ​រយៈពេល​មួយអាទិត្យ ទើប​បន្ថយ​ការ​ស្រោច​ទឹក ២ ទៅ ៣ ថ្ងៃ​ម្តង​ ​ ​
  • បន្ថយ​ការ​ស្រោច​ទឹក នៅពេល​ដែល​ឃើញ​មុខ​បំបៅ​ដុះ​ពន្លក​ឫ​សសៗ ៕

No comments:

Post a Comment