Tuesday, April 21, 2015

វិធី​ដើម្បី​ដាំ​ខ្ទឹមបារាំង​ឲ្យបាន​មើម​ច្រើន
ជាទូទៅ​កសិករ​យើង​ដាំ​ខ្ទឹមបារាំង​ទទួលបាន​មើម​តែ ១ ប៉ុណ្ណោះ​ក្នុង​មួ​យ​ដើម ។ ប៉ុន្តែ​នៅពេល​នេះ ខ្ញុំ​មាន​បទពិសោធន៍​ ​ប្លែក​មួយ​ដែល​អាច​ដាំ​ខ្ទឹមបារាំង​ឲ្យទទួល​បាន​មើម​ច្រើន ។ បទពិសោធន៍​នេះ​ទទួលបាន​ពី​កសិករ​វៀតណាម​ម្នាក់ ដែល​មានឈ្មោះ ​ថា គ្ហ​ន គាត់​រស់នៅ​ប្រទេស​វៀតណាម សង្កាត់​លេខ ៤ ខេត្ត​ដា​ឡាត់ មក​បង្ហាញ​ជូន​ដូចខាងក្រោម :

១. អំពី​ពូជ
​ខ្ទឹមបារាំង​ជា​ដំណាំ​ដែល​ពិបាក​រក្សាទុក​ពូជ​ណាស់ សូម្បីតែ​លោក​ពូជ គ្ហ​ន ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការដាំ និង​ ​រក្សា​ពូជ​ជាច្រើន​ឆ្នាំ​ក៏​មិន​អាច​រក្សាទុក​ពូជ​បាន​ល្អ​ដែរ ។ ពូជ​ដែល​គាត់​បាន​ដាំ​នេះ​គឺ​ទិញ​មក​ពី​ប្រទេស​តៃវ៉ាន់ ។ ពូជ​នេះ​ធន់​នឹង​តំបន់​ ​ដាំ​ដុះ​របស់គាត់​ដែល​ជា​តំបន់​ត្រជាក់ ។​ 

២. អំពី​បច្ចេកទេស​ដាំ
លោកពូ​បាន​ប្រាប់​ឲ្យដឹង​ពី​បច្ចេកទេស​ដាំ​ដើម្បីឲ្យ ​បាន​ទទួល​ផល​ខ្ពស់​ថា​ក្នុង​ការដាំ​ខ្ទឹមបារាំង​គឺ​គាត់​បាន​យក​គ្រាប់​ដែល ​ ​ទិញ​ពី​តៃវ៉ាន់​នោះ​មក​សាប​នៅលើ​ថ្នាល ។ បន្ទាប់មក ទើប​ដក​កូន​យក​ទៅ​ស្ទូង​នៅលើ​រង ។ ក្នុង​ពេល​នេះ​មើម​ដែល​ទទួលបាន​ពី​ការ​ ​ដាំ​ដោយ​គ្រាប់​ផ្ទាល់​បាន​តែ​មួយ​ទេ​ក្នុង​មួយ​ដើម ។ ការដាំ​នៅ​លើក​ទី ២​គឺ​គាត់​យក​មើម​ដែល​បាន​ដាំ​ពី​គ្រាប់​យកទៅ​ដាំ​បន្ត​ពេលនោះ​ ​ក្នុង ១ ដើម ទទួលបាន​ពី ៣ ទៅ ៥ មើ​ម ។ តាម​បទពិសោធន៍​របស់​គាត់​កន្លងមក ការដាំ​លើក​ទី ២ នេះ​ប្រសិនបើ​យើង​យក​មើ​ម​ ​តូច​មក​ដាំ​ក៏​ទទួលបាន​មើម​តែ ១ ដែរ​ក្នុង​មួ​យ​ដើម ។ តែបើ​យើង​យក​មើម​ធំ​បន្តិច​បាន​មើម​ពី ២ ទៅ ៣ ក្នុង​មួយ​ដើម​តែ​បើ​យើង​យក​ ​មើម​ធំ​មែនទែន​មក​ដាំ​ទទួលបាន​មើម​ទី ៤ ទៅ ៥ ក្នុង​មួយ​ដើម ។ នៅពេលដែល​យើង​យក​មើម​ដែល​ប្រមូលបាន​ពី​លើក​ទី ២​មក​ដាំ​ ​នៅ​លើក​ទី ៣ ទៀត​វា​នឹង​ក្លាយ ហើយ​ក្នុង​មួ​យ​ដើម​ទទួលបាន​មើម ១ ដដែល (​ទិន្នផល​ដូច​នៅ​ពេល​ដាំ​ដោយ​គ្រាប់​ដំបូង​) ។​

​មើម​ដែល​បាន​ទទួល​ពី​ការដាំ​ដោយ​គ្រាប់​ត្រូវ​ រក្សាទុក​ពូជ ហើយ​រៀប​ដាក់​នៅក្នុង​បន្ទប់ ឬ​រោង ដែល​មាន​ធ្នើរ (​នៅលើ​ធ្នើរ​ទី ២ ឬ​ទី ៣) ដើម្បី​កុំឲ្យ​សំណើ​មពី​ដីជះ​មក​ធ្វើ​ឲ្យ​ឫស​ដុះ​ខូច​គុណភាព​មើម ។​
​ក្រោយ​ពី​ដាំ​ល្ហុង​បាន​ពី ១០ ទៅ ១៥ ថ្ងៃ​មក គាត់​ចាប់​ដាំ​សាលាដ៍​ប៉ិ នៅលើ​រង​ដែលមាន​ចន្លោះ​គុម្ព ១ តឹក ។​
សរុបមក ដើម្បី​ដាំ​ខ្ទឹមបារាំង​ឲ្យបាន​ទិន្នផល​ខ្ពស់ ត្រូវ​យកចិត្ត ​ទុកដាក់​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម :
  • មើម​ដែល​បាន​ដាំ​ពី​គ្រាប់​ផ្ទាល់​ដំបូង បើ​យើង​ចង់​ទុក​ធ្វើ​ពូជ​បន្ត ត្រូវ​ជ្រើសរើស​តែ​មើម​ធំៗ និង​ល្អ​គ្មាន​ការបំផ្លាញ​ពី​ ​សត្វល្អិត ជំងឺ ទើប​ទទួលបាន​ផល​ច្រើន​
  • រក្សាទុក​មើម​ដាំ​បន្ត​នៅ​លើក​ទី ២ ត្រូវ​រក្សាទុក​ក្នុង​រោង លើ​ធ្នើរ​ឲ្យ​ខ្ពស់​ផុត​ពី​ដី (​ធ្នើរ​ទី ២ ឬ​ទី ៣) ដើម្បី​កុំឲ្យ​សំណើម​ ​ដី​ជះ មក​ធ្វើឲ្យ​ដុះ​ឫស​ខូច​គុណភា​ពមើម​
  • កុំ​យក​មើម​ដែល​បានមក​ពី​ការដាំ​លើក​ទី​ពីរ​មក​ដាំ​បន្តទៀត ព្រោះ​ការដាំ​លើក​ទី ៣ វា​នឹង​ក្លាយ​ហើយ​មើម​ដែល​ទទួល​ ​បានតែ ១ ប៉ុណ្ណោះ​ក្នុង​មួ​យ​ដើម ។
ដូចនេះ បងប្អូន​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ខ្ទឹម​បារាំង សូម​សាកល្បង​នូវ​បទពិសោធន៍​ខាងលើនេះ​កុំបី​ខាន ៕

No comments:

Post a Comment